កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ បួនចំណុចរួមមាន ៖
១, ចាត់តាំងលោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារ ចូលរួមជាមួយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដ ឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨ គ្រួសារ។
២, ចំពោះអ្នកទាំង៤០ គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីខាងលើនោះទៀតបានទេ។ ប្រសិនបើមានអ្នកណាមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះការពារដីខាងលើទុកជាសម្បត្តិរបស់រដ្ឋ អាជ្ញាធរខេត្តសូមគាំទ្រទាំងស្រុង។
៣, ត្រូវមានការចូល និងការសហការពី ព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ច មុនចុះអនុវត្តការងារ។
៤, មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ឡើយ៕