ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រៃកោងកាងទឹកសាបជាច្រើនហិកតា ក្នុងខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ

សៀមរាប៖ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រ។

ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើម កោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែន។

នៅតំបន់ព្រៃកោងកាងនេះ ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។ នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្រៀតគ្នាជាសហគមន៍ សំបកឆ្នូតៗក្រហមព្រឿងស្រោបដើមពីគល់រហូតដល់មែកដូចគេផាត់ពណ៌យ៉ាងស្រស់ឆើតឆាយ ស្លឹកស្រួចត្រវែងពណ៌បៃតងចាស់ ប្រក់ពីលើដើមជាម្លប់ត្រឈឹងត្រឈៃជាទីរមណីយសម្រាប់ការដើរទស្សនារបស់ភ្ញៀវទេសចរ។

លោក ឌឿម ឌុន ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសមាជិកសហគមន៍មានចំនួន ១,០០០គ្រួសារ ។

នៅដើមឆ្នាំ២០២០នេះ ដោយទទួលបានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាការបង្ហាត់បង្ហាញពីការរៀបចំការផ្ដល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ សហគមន៍បានរៀបចំជាស្ពានដើរទស្សនា តូបសម្រាប់អង្គុយសម្រាកកម្សាន្ត ជីកស្រះចញ្ចឹមត្រី និងទស្សនាកម្សាន្ត។ ក្រៅពីនោះ ក៏មានអាហារដ្ឋាន និងតូបលក់កសិផល អនុផលព្រៃឈើជាដើមផងដែរ។

លោក ឌឿម ឌុន បានឲ្យដឹទៀតថា ព្រៃសហគមន៍បច្ចុប្បន្ននៅមានជ្រូកព្រៃ ឈ្នូស ក្ដាន់ញែង ស្វា ទោច មាន់ព្រៃ អែអូត ទីទុយ ក្លែងស្រាក ពស់ និងប្រភេទសត្វចតុបាទ ល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត ។ បច្ចុប្បន្នប្រជាពលរដ្ឋលែងចូលបរបាញ់សត្វ ដាក់អន្ទាក់ ឬកាប់បំផ្លាញព្រៃឈើទៀតហើយ ដោយពួកគាត់កាន់តែមានការយល់ដឹងពីសារៈប្រយោជន៍របស់ព្រៃឈើ សត្វព្រៃ។ ពួកគាត់គ្រានតែទាញយកអនុផលព្រៃឈើខ្លះៗ ដូចជា បេះគុយ រំដួល ព្រីង ឬបេះផ្សិតជាដើម៕