សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា ព្រះវិហារបុរាណនៅវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប បានជួសជុល ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងឧបត្ថម្ភថវិកាពីអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២០នេះ។
លោក កុសល បានបញ្ជាក់ថា ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស សម្រាប់ជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សា មរតក វប្បធម៌ ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌ នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់ឡើងវិញ។ លោកបានបន្ដថា បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាវត្តបិរាណដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប។
លោកបានបន្ដទៀតថា ដើម្បីរួមចំណែកថែរក្សា មរតក វប្បធម៌ខ្មែរ ក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោង អភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿន ព្រះវិហារ ព្រមទាំងពង្រឹងរចនាបថ សំណង់ រូបចម្លាក់ ដែល ចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញតាមបច្ចេកទេស និងសម្ភារទំនើប ប៉ុន្តែរក្សាវត្ថុ ធាតុដើម បុរាណដដែល។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាធ្លាប់បានសហការជាមួយអ្នកជំនាញមកពីអ៊ីតាលី ជួសជុលព្រះវិហារវត្តរាជបូណ៌នេះម្ដងមកហើយ ដោយជួសជុលសម្អាតសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្កព្រះ គំនូរ រចនាសម្ព័ន្ធ សសរ ដែលរងការខូចខាត ប្រេះ ស្រាំ រលុប បាត់បង់ភាពដើមដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល៕