ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន ពិភាក្សា​ជាមួយតំណាង GIZ អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយជំនាញការរបស់អង្គការ​សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដើម្បីពិភាក្សា​អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

កិច្ចពិភាក្សានេះ គឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រព្រឹត្តិទៅនាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយក ក.ប.ប. ក៏បានស្នើសុំឲ្យ GIZ ជួយផ្តល់ធាតុចូលសំខាន់ៗ​ ដើម្បីផ្តើមកសាងសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹង​នីតិវិធីនៃការស៊ើបអង្កេត, នីតិវិធីនៃការទទួលបណ្តឹង និងប្រកាសពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹងតាមប្រព័ន្ធអនឡាញ (Online Dispute Resolution) ផងដែរ៕