ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុននៅក្នុងប្រទេសខ្លួន។
លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគមកពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
លោកអគ្គរដ្ឋទូត មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ។
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានបញ្ជាក់ថា ប្រជាពលរដ្ឋទីម័រខាងកើត គោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រជាជននិងប្រទេសជាតិ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ បង្រួបបង្រួម និងអភិវឌ្ឍន៍ប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍ របស់ឯកអគ្គរដ្ឋទូតទីម័រខាងកើត ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូត រវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។
សម្តេចពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិ ការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹក ចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង ៕