ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង ដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករងអង្គភាព អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអង្គភាពរដ្ឋបាលថ្នាក់កណ្ដាលដ៏មានសារៈសំខាន់។

សម្ដេចបានបន្តថា ថ្វីដ្បិតជាលើកទី១ ដែលក្រសួងបានរៀបចំឱ្យមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ ដែលផែនការដំបូងនេះអាចនឹងរៀបចំមិនបានល្អ១០០ភាគរយ ប៉ុន្តែផែនការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពនាឆ្នាំបន្តបន្ទាប់ទៀត។

លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំ ដោយបានរំលឹកថាអគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ(២០១៩-២០២៣) ប៉ុន្តែដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ និងឆ្លើយតបតាមអនុសាសន៍របស់សម្ដេចក្រឡាហោមក្នុងឱកាសបិទសន្និបាតក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាលក៏បានរៀបចំផែនការសកម្មភាពឆ្នាំ២០២០ដូចអង្គភាពផ្សេងទៀតដែរ។

លោកអគ្គនាយកបានបន្តថា ផែនការសកម្មភាពនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕