ភ្នំពេញ៖ ពេញមួយព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានកាត់សោរទ្វាររបង និងទ្វារបន្ទប់ សម្រុកចូលទៅឆែករកវត្ថុតាងនៃការកែច្នែស្រា ដែលសង្ស័យថា បានបង្កឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំការចូលឆែករក និងចាប់យកវត្ថុតាងនេះ បានមានប្រសាសន៍ថា តុលាការនឹងបន្តនីតិវិធីស៊ើបអង្កេតរបស់ខ្លួន ដើម្បីស្វែងអ្នកទទួលខុសត្រូវក្នុងការកែច្នៃស្រាយីហោ ស្រាចិនសែ តាំង គួយ ក្រោយពីម្ចាស់សិប្បកម្មនេះ បានចាក់សោរទ្វារ និងរត់គេចខ្លួនចេញពីទីតាំង ដែលស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា ការបន្តស្វែងរកវត្ថុតាងបន្ថែមនេះ គឺធ្វើឡើងបន្ទាប់ពីមនុស្សប្រាំពីរនាក់បានពុលស្លាប់ និងជាង៤០នាក់ទៀតបានធ្លាក់ខ្លួនឈឺ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតសមត្ថកិច្ចចម្រុះ បានសម្រេចឡោមព័ទ្ធ ឆែកឆេរទីតាំងផលិតស្រានេះ កាលពីរសៀល ថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២០ ប៉ុន្តែមិនអាចចូលឆែកឆេរបានទេ ព្រោះម្ចាស់បានចាក់សោរទ្វាររបង និងទ្វារផ្ទះ ហើយរត់គេចខ្លួន សូម្បីកម្មករម្នាក់ក៏មិនមានវត្តមានដែរ។
នាព្រឹកព្រលឹមថ្ងៃនេះ ទិដ្ឋភាពនៅក្នុងទីតាំងផលិតស្រា មានសភាពងងិតឈឹង និងមិនមានសកម្មភាពអ្វីឡើយ ប៉ុន្តែមានបន្សល់ទុកសម្ភារៈសម្រាប់រម្ងាស់សម្បកឈឺ ដូចជាឆ្នាំងកញ្ចាស់ ជាប់ជ័រឈើប្រតេកប្រតាក ពុកផុយធ្លាយផ្នែកខាងលើ និងសម្ភារៈចាស់ៗសម្រាប់លាយរវាងទឹក មេស្រា និងទឹកសម្បកឈើ ដែលមានជាប់ព៌ណ ឬក្អែលក្រាស់ឃ្មឹក ហាក់ដូចជាមិនសូវបានលាងសម្អាត មានដូចជាធុងជ័រតូចធំ ផ្លិលសម្រាប់ដងស្រា និងមានធំក្លិនស្រា។
យោងតាមឯកសារបានឲ្យដឹងថា ម្ចាស់ទីតាំងនេះ ឈ្មោះ ងន ចាគា ភេទស្រី អាយុ៦២ឆ្នាំ ជាអ្នកទទួលបានសិទ្ធិកែច្នែស្រាពីក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ដោយមានលិខិតបញ្ជាក់យ៉ាងត្រឹមត្រូវផងដែរ។
ប្រជាពលរដ្ឋរស់នៅក្បែរសិប្បកម្មនេះ បានឲ្យ Daily- Khmer ដឹងថា ស្ត្រីឈ្មោះ ងន ចាគា មានប្តីឈ្មោះ ខ្ចៅ សុវណ្ណ អាយុ៦៥ឆ្នាំ ដោយមានកម្មករខ្លះៗផង តែងតែដាំទឹករម្ងាស់សម្បកឈើ ដើម្បីលាយជាស្រាថ្នាំចិនសែ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយ ប៉ុន្តែពួកគាត់មិនដែលបានភ្លក័ក្សស្រារបស់ពីរនាក់ប្តីប្រពន្ធនេះឡើយ។
ស្ត្រីម្នាក់ ដែលត្រូវសមត្ថកិច្ចហៅឲ្យធ្វើជាសាក្សីក្នុងសកម្មភាពឆ្មក់ចូលខាងក្នុងផ្ទះ បាននិយាយាថា «គាត់ធ្វើស្រានេះ ប្រហែល២០ឆ្នាំហើយ និងមិនដែលមានបញ្ហាពុលទេ ប៉ុន្តែនៅរដូវកូវីដនេះ អាចមកពីអាកុលឡើងថ្លៃ ហើយគាត់ទិញមេតាណុលមកលាយ ទើបធ្វើឲ្យអ្នកផឹកពុលស្លាប់»។
ពេលចូលនៅដល់ខាងក្នុងទីតាំងកែច្នៃស្រា គឺមិនមានសេសសល់អ្វីច្រើនឡើយ ក្រៅពីសម្ភារៈចាស់ៗ និងពុកផុយដោយអន្លើៗ ដែលម្ចាស់ទីតាំងប្រើប្រាស់កែច្នៃស្រា បានបន្សល់ទុក។
គ្មានអ្នកជិតខាងម្នាក់ដឹងថា ស្ត្រីឈ្មោះ ងន ចាគា និងប្តីឈ្មោះ ខ្ចៅ សុវណ្ណ រួមទាំងកម្មករ រត់គេចខ្លួនទៅទីណា និងនៅពេលណាច្បាស់លាស់ដែរ ប៉ុន្តែពួកគាត់បានកត់សម្គាល់ថា ប្រហែលមួយសប្តាហ៍កន្លងមកហើយ ក្រោយមានករណីមនុស្សស្លាប់សង្ស័យពុលស្រានេះ នៅក្នុងខេត្តបន្ទាយមានជ័យ ទ្វារផ្ទះក៏ត្រូវបិទ និងលែងមានមនុស្សនៅខាងក្នុងទៀត។
ពាក់ព័ន្ធនឹងករណីពុលស្រារហូតធ្វើឲ្យមនុស្សស្លាប់នេះ កាលពីព្រឹកថ្ងទី១១ ខែមិថុនា មន្ត្រីនគរបាល និងមន្ត្រី ក.ប.ប. ដឹកនាំដោយលោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឡោមព័ទ្ធសិប្បក្មនេះ ប៉ុន្តែទំនងជាម្ចាស់ដឹងខ្លួនមុន បានចាក់សោររត់គេចខ្លួន ទើបសមត្ថកិច្ចពន្យាពេលរងចាំមានដីកាពីតុលាការសម្រេចឲ្យកាត់សោរទ្វារ ដែលនៅពេលនោះ មន្ត្រីជំនាញបានរកឃើញសំបកដបស្រាថ្នាំ និងធុងសម្រាប់ផលិតស្រាថ្មាំ ដែលម្ចាស់យកទៅបោះចោលក្នុងព្រៃ និងកៀនរបងដីឡូតិ៍មួយកន្លែង នៅខាងជើងផ្លូវជាតិលេខ៦អា ក្នុងបំណងបំផ្លាញភស្តុតាងចោល។
ក្នុងថ្ងៃដដែលនោះដែរ ក្រោយពីមានករណីមនុស្សពុលស្រាថ្នាំចិនសែ តាំង គួយ នៅឯខេត្តបន្ទាយមានជ័យ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចេញវិធានការភ្លាមៗ ដើម្បីបើកយុទ្ធនាការជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស គឺបើកការស្រាវជ្រាវ និងស៊ើបអង្កេត នៅកន្លែងកើតហេតុ ក្នុងខេត្តបន្ទាយមានជ័យ ដោយបានប្រមូលព័ត៌មាន និងយកគំរូសំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងនៅមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ទើបរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង០.៣៥ភាគរយ ដែលជាអត្រាខ្ពស់អាចបណ្ដាលឲ្យអ្នកផឹកស្លាប់បាន។
យោងតាមរបាការណ៍បណ្តោះអាសន្នវិញ បានឲ្យដឹងថា ប្រតិបត្តិការនៅទូទាំងប្រទេស មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរឹបអូសយកស្រាថ្នាំចិនសែយីហោ តាំង គួយ ចំនួន១៣,៩៨៩ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។
តាមមន្ត្រីជំនាញមកពីក្រសួងសុខាភិបាល និងមកពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទាក់ទិនការស្លាប់មនុស្សប្រាំពីរនាក់ និងធ្លាក់ខ្លួនឈឺ៤១នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ គឺដោយសារម្ចាស់សិប្បកម្មកែច្នៃស្រាបានយកអាកុលក្លែងក្លាយ ធ្វើពីមេតាណុល មកផលិតស្រាជាហេតុធ្វើពុលអ្នកផឹក៕