ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​រឲ្យវៀតណាម ទិញស្រូវ​អង្ករ​ពី​កម្ពុជា តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន និង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា បាន​ប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវ​ពី​កសិករ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​។

កិច្ចប្រជុំ​នេះ ចូលរួម​ពី​សំណាក់​ថ្នាក់​ទឹក​នាំ​ក្រសួង លោក​ឧកញ៉ា លោក​អគ្គនាយក​ធនាគា​រ AGRI BANK តំណាង​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម​ស្រូវ​-​អង្ករ​វៀតណាម មន្ត្រី​ស្ថានទូត និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​មួយចំនួនទៀត​។ ក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា បានស្នើ​រវៀតណាម ទិញស្រូវ​អង្ករ​ពី​កម្ពុជា តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម​។​

​ក្រសួងកសិកម្ម បានប្រកាសថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ទី​១-​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជារួម​លើ​ស្ថានភាព​តម្លៃ​ស្រូវ​ក្នុងពេល​បច្ចុប្បន្ន និង​ទី​២-​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​យន្តការ​នៃ​ការប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា ឱ្យបាន​សមស្រប​ទៅនឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។

​ក្រសួងកសិកម្ម បន្តថា បន្ទាប់ពី​ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ រួចមក កិច្ច​ប្រជុំបាន​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ​នូវ​បញ្ហា​តម្លៃ​ស្រូវ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ដូចខាងក្រោម​៖

១- ភាគី​វៀតណាម នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ពាណិជ្ជករ​វៀតណាម បន្ទាប់មក​នឹងធ្វើ​របាយការណ៍​លម្អិត​ជូន​នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ​វៀតណាម ជួយប្រមូល​ទិញស្រូវ​ពី​កម្ពុជា​ក្នុងតម្លៃ​សមរម្យ​។​

២-​ធនាគារ AGRI BANK នឹង​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​សម្រួល​បែបបទ​ផ្សេងៗ ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម សម្រាប់​ជា​ទុន​ប្រមូល​ទិញស្រូវ ក្នុង​រដូវ​ប្រមូល​ផល​នេះ ព្រមទាំង​គាំទ្រ​ដល់​ការផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា ដែល​ខ្វះ​ទុន​ក្នុង​ការប្រមូលទិញ​កសិផល​។

៣- ភាគី​ទាំងពីរ នឹង​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឱ្យបាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ​។

៤- ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ថា នឹង​សហការគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដែលមាន​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

៥-​ទូរទស្សន៍​វៀតណាម នឹង​ចុះទៅ​កន្លែង​ប្រមូល​ផល​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ នៃ​ប្រជុំ​នេះ ជូន​ដល់​ពាណិជ្ជករ​វៀតណាម ឱ្យជួយ​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ​។​

៦-​ភាគី​វៀតណាម បានបញ្ជាក់​ជូន​ថា នឹង​ជំរុញឱ្យមាន​ការចុះ​អនុស្សរណ​នៃ​ការយោគយល់​គ្នា ស្តីពី ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ​-​អង្ករ ដោយ​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​៕​