ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត អ៊ិត សំហេង៖យើងត្រូវ​​យកចិត្តទុកដាក់បន្តដោះស្រាយនូវអ្វីជា​​បញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

(ភ្នំពេញ)៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។

លើសពីនេះបន្តចាត់វិធានការ​ឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ។ល។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងផ្សព្វផ្សាយផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) និងបទបញ្ជា លេខ ០១ បប ស្តីពីការអនុវត្តផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) ជាពិសេសក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្រ្តីបានថ្លែងថា រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីពបងប្អូនកម្មករនិយោជិតដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ យើងត្រូវ​​ជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចុះជួបជាប្រចាំជាមួយកម្មករនិយោជិតនៅតាមតំបន់ផ្ទះជួល ឬស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមានចំពោះកម្មករនិយោ​ជិតនៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។