លិខិតមិត្តអ្នកអាន ដោយ៖ ដេលីខ្មែរ
ភ្នំពេញៈ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្បាលដីមានទំហំប្រមាណ២៨ ម៉ែត្រគុណ និងបណ្តោយជាង៣០ម៉ែត្រមានតម្លៃជិត២ លានដុល្លារនោះ ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ «យកឆ្នាំងមាសដូរយកឆ្នាំងដី» សល់ចែកលុយគ្នារួចដោយតម្រូវឲ្យមន្រ្តីនគរបាលរើអីវ៉ាន់ចេញគឺទុករយៈពេលឱ្យមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។
នៅក្នុងរឿងនេះចាត់ការដោយ លោកស្នងការរងនគរបាល រាជធានីភ្នំពេញម្នាក់ជាអ្នកហៅមន្ត្រីនគរប៉ុស្តិ៍ម្នាក់ៗបង្ខំទៅទទួលលុយបានចាប់ពី៥០០ ទៅ១០០០ដុល្លារ ដោយហាមមិនឲ្យពួកប៉ូលិសប៉ុស្តិ៍ទាំងនោះនិយាយអ្វីទាំងអស់។ ក្នុងករណីនេះមហាជនមានចម្ងល់ថា តើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រាបរឿងនេះដែរឬទេ ? ពីព្រោះវាមិនមែនជារឿងធម្មតាឡើយដីនៅតំបន់នេះមួយម៉ែត្រការ៉េមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។
យោងតាមប្រភពព័ត៌មានពី មន្ត្រីនគរបាលប៉ុស្តិ៍បង្ហើបថា ពួកគាត់ទទួលនូវការគំរាមកំហែងមិនឲ្យនិយាយស្តី និងថតរូបបន្ទាប់ពី ស្នងការរងរាជធានីភ្នំពេញ ម្នាក់បានហៅឲ្យទៅយកប្រាក់នៅទីតាំងស្នាក់ការថ្មីដែលជាផ្ទះល្វែងមានកម្ពស់បីជាន់ក្នុង បុរីប៊ុនជេស្ឋ ស្ថិតនៅ ភូមិព្រែកលៀប ខណ្ឌចង្រោយចង្វា ដោយមិនបានប្រាប់មុនឡើយ។
ប្រភពដដែលបន្តថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ ព្រែកលៀប នោះត្រូវបានគេដឹងថា ក្បាលដីមានទំហំប្រមាណ២៨ម៉ែត្រគុណនិងបណ្តោយ៣០ម៉ែត្រព្រមទាំងចំណី ទន្លេមេគង្គ ជាច្រើនម៉ែត្រទៀតស្ថិតនៅស្របតាមមាត់ទន្លេមេង្គដែលជាកន្លែងលំហែកាយសម្រាប់អ្នកមានស្តុកស្តម្ភ ហើយក៍ជាដីត្រូវប៉ាន់ដែល ក្រុមហ៊ុននិងអ្នកមានទ្រព្យព្យាយាមរកខ្សែរត់ការលេបត្របាក់យកទ្រព្យសម្បត្តិរដ្ឋជាយូរមកហើយតែមិនបានសម្រេច។ ប៉ុន្តែលើកនេះប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅទើបសម្រចយ៉ាងដូច្នេះ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មន្រ្តីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋមួយគ្រួសារដែលជាអ្នកស្នាក់នៅកន្លងមកត្រូវបានគេហៅឲ្យទៅទទួលលុយដោយមិនបានប្រាប់ឲ្យដឹងមុនឡើយគឺហៅទៅភ្លាមគឺបង្ខំឲ្យទទួលយកលុយភ្លាមតែម្ដង ហើយមិនអនុញ្ញាតឲ្យនិយាយស្តីអ្វីឡើយ។ ដោយអ្នកហៅកុហកថា ទៅពិនិត្យមើលប៉ុស្តិ៍ថ្មីបន្ទាប់ពីទទួលប្រាក់ហើយលោកឧត្តមសេនីយ៍ទោរូបនោះក៍បានណែនាំឲ្យប្រជាពលរដ្ឋមួយគ្រួសាររកផ្ទះថ្មី និងមន្រ្តីនរបាលប៉ុស្តិ៍ត្រូវរើអីវ៉ាន់ចេញទៅកន្លែងថ្មីដោយទុករយៈពេល១សប្តាហ៍។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា គេសង្កេតឃើញមន្ត្រីប៉ុស្តិ៍មួយចំនួនក៍បាននាំគ្នារើអីវ៉ាន់ខ្លះដាក់រថយន្ត ខ្លះទៀតដាក់រ៉ឺម៉កម៉ូតូ ទៅទីស្នាក់ការថ្មីបណ្តើរៗហើយតែហាក់មិនសប្បាយចិត្តនោះទេ។ ពីព្រោះគេលក់បានលុយរាប់លានដុល្លារតែឲ្យពួកប៉ូលិសតូចតាចតែម្នាក់៥០០ទៅ១០០០ដុល្លារតែប៉ុណ្ណោះ។
ពាក់ព័ន្ធនិងការដោះដូរដីមានតម្លៃប្រាក់រាប់លានដុល្លារនេះ ធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានការមិនសប្បាយចិត្តនោះទេ។ ផ្ទុយទៅវិញក៍មានប្រតិកម្មផងដែរតែមិនហ៊ាននិយាយស្ដីអ្វី ទាំងអស់។ ពីព្រោះបើមិនមានភ្លើងខៀវពីមេៗ ឬថ្នាក់ដឹកនាំក្រសួងនោះទេ ប្រហែលជាមិនអាចទៅរួចឡើយ។
គួររំលឹកថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ តែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជាង១០ ម៉ឺនដុល្លារនៅសល់ថ្នាក់លើចែកគ្នា។ ខណៈមន្រ្តីនគរបាលនៅប៉ុស្តិ៍បានត្រឹមតែម្នាក់ៗ៥០០ដុល្លារកូនចៅ និង១០០០ដុល្លារចំពោះមេៗ។
ដោយឡែកយោងតាមលិខិតស្នើសុំរបស់ក្រុមហ៊ុនយីហោ ” ឡុងម៉ាអ៊ិនវេសអេនរៀលអ៊ីស្ទេច “ កន្លងទៅក៍បានឲ្យដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ព្រែកលៀប នេះគឺមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ និងតូចចង្អៀត ហើយមានប្រជាពលរដ្ឋមួយគ្រួសាររស់នៅក្នុងទីតាំងប៉ុស្តិ៍នោះផងដែរ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានបំណងចូលរួចបំណែកអភិវឌ្ឍន៍កែលម្អសោភ័ណភាពទីក្រុងឲ្យស្រស់បំព្រង់ស្របតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នៅក្នុងលិខិតបានបន្តទៀតថា ក្នុងការដោះដូរទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះល្វែងមួយល្វែងដែលមានទំហំ៤,១០ម៉ែត្រគុណ១៦ម៉ែត្រកម្ពស់បីជាន់ (E0 E1 E2) ស្ថិតនៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងដោះស្រាយគោលនយោបាយជូនគ្រួសារដែលរស់នៅ ប៉ុស្តិ៍ព្រែកលៀប ចំនួន៤ម៉ឺនដុល្លារព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារ តុ ទូកៅអ៊ី សម្រាប់ដាក់ឯកសារជូនជាថ្នូរវិញ។
ជុំវិញការដោះដូរនេះដែរត្រូវបានមហាជនរិះគន់ថា ថ្នាក់លើលក់ដីរដ្ឋ ហើយចែកគ្នាក្រោមរូបភាពដោះដូរគឺ «ឆ្នាំងមាសដូរយកឆ្នាំដី»។ នៅក្នុងលិខិតនោះដែរក៍មានការរិះគន់ថា អភិវឌ្ឍមែនពីដីធំទូលាយមកផ្ទះល្វែងសល់លុយចែកគ្នាទៅវិញ…។
ដោយឡែកលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាល ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែឧសភានេះថា «ពិតជាមានការដោះដូរទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបមែន។ បើចង់ដឹងច្បាស់លោកអាចមក អធិការដ្ឋានខណ្ឌ ដើម្បីសួរដោយផ្ទាល់។ ព្រោះខ្ញុំមិនអាចនិយាយតាមទូរស័ព្ទបាន និងមិនដែលស្គាល់លេខទៀតផង»។