ភ្នំពេញ៖ ក្រសួងព័ត៌មានបានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាទៅប្រជុំពិភាក្សា ដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ ដោយ មើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទីជាដើម ។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រសាសន៍ថា នៅតាមស្ថានីយ ទូរទស្សន៏មួយចំនួន នៅមានការខ្វះខាត ចន្លោះ ប្រ ហោងនៅឡើយ ជាពិសេសពាក់ព័ន្ធការសរសេរ ការអត្ថាធិប្បាយឬការអានព័ត៌មានជាដើមនៅខុសអក្ខរាវិរុទ្ធ សរសេរឬអានឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសនានាមានការខុសច្រើន ។
ចំណុចនេះលោកថា ទើបលោកសុំគោលការណ៍ និងទទួលបានការឯកភាពតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា មកប្រជុំពិភាក្សាគ្នាដើម្បីរិះរកមធ្យោ បាយពង្រឹងការងារនេះបន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានលើកឡើងថា កញ្ចក់ទូរទស្សន៍ប្រៀបដូចជាសាលារៀនដ៏ធំមួយ ព្រោះមានមនុស្សរាប់លាននាក់ទស្សនា ដូចនេះ បើយើងសរ សេរអក្សរ អាន ឬអត្ថាធិប្បាយខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទី ខុសឋានៈ ជាពិសេសឈ្មោះ តួនាទីថ្នាក់ដឹកនាំនានាជាដើម វានឹងនាំឲ្យអ្នកទស្សនា អ្នកស្ដាប់ក៏ យល់ខុស សរសេរខុសទៅតាមនោះដែរ។
លោកក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំ អ្នកទទួលខុសត្រូវនៅតាមស្ថានីយទូរទស្សន៍នានាជួយពង្រឹង បង្រៀន និងណែនាំដល់ពិធីករ ពិធីការិនី អ្នកអាន អ្នកសរសេរព័ត៌ មានរបស់ខ្លួន ត្រូវខិតខំពង្រឹងនូវភាពទទួលខុសត្រូវ លើការងាររបស់ខ្លួនអោយបានខ្ពស់ជៀសវាង មានកំហុសដែលនឹងជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា។
លោកបានបន្តថា ពិធីករ ពិធីការិនីគួរតែឧស្សាហ៏ធ្វើអត្ថាធិប្បាយរំលឹកនូវវិធានការថ្មីៗ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដូចជាបច្ចុប្បន្ននេះ បញ្ហាពង្រឹងច្បាប់ចរាចរ បើកបរត្រូវនាំគ្នាគោរពច្បាប់ បញ្ហាបង្កា និងទប់ស្កាត់ជម្ងឺកូវីដ-១៩ជាដើម។
ដោយឡែកតំណាងស្ថានីយទូរទស្សន៍មួយចំនួនក៏បានលើកឡើងពីផលលំបាកដោយសារតែពិធីករ ពិធីការិនី និងអ្នកសរសេរ អ្នកអានព័ត៌មានមួយចំនួន មានចំណេះ ដឹងការងាររបស់ខ្លួននៅមានកម្រិត អ្នកខ្លះបទពិសោធន៏ការងារតិច តែទោះយ៉ាងណាក៏តំណាងស្ថានីយទូរទ ស្សន៍ ទាំងអស់នឹងខិតខំធ្វើការពង្រឹងបន្ថែមទៀតទាំង អក្ខរាវិរុទ្ធ ទាំងការអត្ថាធិប្បាយ ការសរសេរ ការអានជាដើម។