ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី០១ ខែកក្កដានេះ ក្នុងជួបស្វាគមន៍ និងពិភាក្សាជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកអះអាងថា«ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា»។
លោកឧកញ៉ា បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។
លោកឧកញ៉ាថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។
អ្នកឧកញ៉ាបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីចំនួន២លើកផងដែរ។
លោកឧកញ៉ា បាននាំយកក្រុមហ៊ុនអូស្ត្រាលីធំៗមួយចំនួនមកកាន់កម្ពុជា ដូចជា ធនាគារ ANZ Royal ក្រុមហ៊ុន Toll Group និងធនាគារវីង ជាដើម។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញអំពីគោលបំណងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទាំងលើផ្នែកធុរកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។
លោកឯកអគ្គរដ្ឋទូតក៏មានបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេស សភាពាណិជ្ជកម្មកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា។
លោកបានថ្លែងថា ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ឯកឧត្តមឯកអគ្គរដ្ឋទូត មានបំណងដឹកនាំក្រុមហ៊ុនអូស្ត្រាលីមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារីអគ្គីសនី និងថាមពលព្រះអាទិត្យជាដើម។
អ្នកឧកញ៉ា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្វាគមន៍ជានិច្ចក្នុងការសហការជាមួយគ្រប់ក្រុមហ៊ុនអូស្ត្រាលីមកវិនិយោគនៅកម្ពុជាហើយសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំង និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងធុរកិច្ច។