ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងខ្លឹមសាររបាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងបណ្តាថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ពិភាក្សាដោយយកចិត្តទុកដាក់លើការងារនេះឲ្យបានល្អ ជាពិសេសលើខ្លឹមសារ ពាក្យពេចន៍ ការប្រើប្រាស់ប្រយោគឲ្យបានត្រឹមត្រូវ នៅលើប្រធានបទ ដែលនឹងយកមកពិភាក្សាក្នុងសន្និបាតនេះ ដើម្បីធ្វើយ៉ាងណាឲ្យសន្និបាតរបស់ក្រសួងនាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕