ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ កំណើននៃការឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង២២ម៉ឺននាក់ហើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រទី១០ ខែកក្កដានេះ មានមនុស្សឆ្លងថ្មីនៃវីរុសCovid-19ចំនួន ២២១ ៥១៧ នាក់ នេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំណែកចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជាង៥ពាន់នាក់ដែរ ដែលគិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដានេះ មនុស្សស្លាប់ប្រចាំថ្ងៃមានចំនួន ៥៣៦៤ នាក់ ខណៈដែលថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្សស្លាប់ចំនួន ៥៥០៧ នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រដូចគ្នានេះ ចំនួនមនុស្សស្លាប់សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៥៥៦ ៥៦១នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ ១២ ៣៧៧ ៥៤៦នាក់ ខណៈដែលមនុស្សចំនួន ៧ ១៨១ ១៨៨ នាក់ បានជាសះស្បើយពីវិរុសផ្លូវដង្ហើមមួយនេះ ៕