ភ្នំពេញ៖ យោងរបាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជាបានកើតឡើង ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួស ៩នាក់។
គ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើនជាងគេ ដោយសារការបើករក្នុងល្បឿនលឿន ស្រវឹង និងបើកបរមិនគោរពសិទ្ធិ ជាដើម។ ក្នុងចំណោម អ្នកស្លាប់ទាំង ៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃនេះ គឺមាន ៥នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាពទាំង ៥នាក់។
តាមរបាយការណ៍របស់នគរបាលចរាចរណ៍ គឺគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ នៅឆ្នាំនេះ បានថយចុះនូវចំនួនគ្រោះថ្នាក់ចរាចរណ៍ ថយចុះទាំងចំនួនអ្នកស្លាប់ និងថយចុះទាំងចំនួនអ្នករបួស។ កាលពីថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ ឆ្នាំ២០១៨ គឺគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ១៤លើក បណ្តាលឲ្យស្លាប់ ១៥នាក់ និងរបួស ១១នាក់។
របាយការណ៍ប្រចាំថ្ងៃរបស់នគរបាលចរាចរណ៍ ក៏បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ៣ថ្ងៃ ក្នុងថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន គិតពីថ្ងៃទី០៤-០៦ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ៥២លើក បណ្តាលឲ្យស្លាប់ ២៩នាក់ និងរបួស ៦៥នាក់។ ក្នុងនោះ មានអ្នកស្លាប់ ដែលជាអ្នកធ្វើដំណើរតាមម៉ូតូ ចំនួន ២៣នាក់ និងមិនពាក់មួកសុវត្ថិភាព ២២នាក់។ ដោយឡែក រយៈពេល ៣ថ្ងៃ ក្នុងថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន កាលពីឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៥៤លើក បណ្តាលឲ្យស្លាប់ ៣៧នាក់ និងរបួស ៧៤នាក់។
ដោយឡែក ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំមុន រយៈពេល ៤ ថ្ងៃ គិតពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន ចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៦៦ លើក បណ្តាលឲ្យស្លាប់ ៤៤នាក់ និងរបួស ៩១នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤៤នាក់ គឺមានអ្នកធ្វើដំណើរតាមម៉ូតូ ៣២ នាក់ និងមិនពាក់មួកសុវត្ថិភាព ២៣ នាក់៕