ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភ្នំពេញ៖ សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួន ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបានចាប់ផ្តើមបើកដំណេីរការសាងសង់ចាប់ពីពេលនេះតទៅ នៅបរិវេណវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
សូមជម្រាបថា សួនសមិទ្ធផលទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី២៖ សួនវិស័យរក្សាសន្តិភាព គឺជាសមិទ្ធផលរបស់កងកម្លាំងកងទ័ពមួកខៀវកម្ពុជាដែលបំពេញបេសកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសកំពុងរងគ្រោះដោយ សារតែផុយ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក ដែលបានដោះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរាប់លានគ្រាប់ ដើម្បីសង្គ្រោះជីវិតរបស់មនុស្ស។

ចំណុចទី៣៖ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងទី៤៖ សួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលខាងកងរាជ អាវុធហត្ថ និងនគរបាល ដែលចូលរួមលះបង់គ្រប់បែបយ៉ាង បម្រើដល់សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គមជាតិកម្ពុជា។

សម្រេចឱ្យសាងសង់ សួនសមិទ្ធផលនេះឡើង ក្រុមការងារ នឹងពន្លឿនការងារសាងសង់ ឱ្យបានរួចរាល់នៅក្នុងខែវិច្ឆិកា ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ជាពិសេសដើម្បីរំលេចពីភាពអស្ចារ្យនយោបាយឈ្នះ ឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា មានស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ៕

ដោយ:សំរិត