ភ្នំពេញ៖ ក្រុមសមាជិកសហព័ន្ធស្រូវអង្កកម្ពុជារប្តេជ្ញាផលិតអង្ករអោយមានគុណភាព ស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ដើម្បីជំរុញការនាំចេញអង្ករអោយបាន១លានតោនក្នុងមួយឆ្នាំតាមផែនការរបស់រាជរដ្ឋាភិបាល ។ដូច្នោះ ដើម្បីជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ជាពិសេសក្នុងការជំរុញឲ្យបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗ ដោយផ្តោតលើការជ្រើសរើសពូជ ដើមទុន ទីផ្សារក្នុងនិងក្រៅប្រទេស។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថាបន្ថែមថា ក្រុមសមាជិកនឹងបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរកយន្តការសម្របសម្រួលមួយសមស្រប ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក៏ដូចជាការរៀបចំវេទិកាផ្សេងៗ ក្នុងការអភិវឌ្ឍគុណភាពនិងទីផ្សារស្រូវអង្ករកម្ពុជា ។
លោកបានថ្លែងថា ក្នុងនោះដែរយើងបានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដែលចំណុចទី១ នោះគឺជាយុទ្ធសាស្ត្រទីផ្សារដែលយើងនឹងបង្កើតកិច្ចសន្យាកសិកម្មជូនកសិករគឺជាទីផ្សារក្នងស្រុក ទី២ គឺយើងធ្វើការនាំចេញទៅទីផ្សារនាំចេញគឺជាទីផ្សារមួយដែលយើងគិតថាមានសុទ្ធតែប្រទេសធំៗនោះគឺទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយដែលសម្ដេចនាយករដ្ឋមន្ត្រីចរចាបាន 40 ម៉ឺនតោន គឺយើងចង់ឃើញនោះគឺកសិករមានពូជល្អក្នុងការផលិតពូជ។
លើសពីនេះលោកថា «យើងសំដៅលើពូជដែលតម្រូវទៅតាមទីផ្សារ គឺយើងរៀបចំសារថ្មីដោយមិនផ្តោតសំខាន់ទៅលើការផលិតប៉ុន្មានទេ គឺផលិតទាំងពូជផលិតថ្មី ដែលយើងចេញមកនោះគឺមានទីផ្សារលក់តែម្ដង យុទ្ធសាស្ត្រទី៣ គឺយើងចង់កែច្នៃនូវកសិផលដែលសល់អំពីការកែច្នៃអង្ករនេះ ព្រោះមិនមានតម្លៃទេសព្វថ្ងៃនេះ អញ្ចឹងយើងនឹងខិតខំសិក្សាស្រាវជ្រាវនិងកៀងគរវិនិយោគទុនដើម្បីឲ្យគាត់វិនិយោគលើវិស័យនេះ ទី៤ យើងចង់រៀបចំឲ្យមានបច្ចេកវិទ្យាជាចង្វាក់ផលិតកម្មរបស់យើងទាំងកសិករ ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដែលមានបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព គុណភាពជូនដល់អ្នកហូបនិងអ្នកប្រើប្រាស់»។
លោកបញ្ជាក់ថា ផែនការសំខាន់ៗដែលសហព័ន្ធស្រូវអង្ករបានបង្កើតឡើងនេះ គឺជាផែនការបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំផលិតផលអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់ប្រជាកសិករ និងអាជីវករនៅក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ។
ថ្មីៗនេះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា គោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅតែជាអាទិភាពរបស់កម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារស្រូវអង្កររបស់ប្រជាកសិករ។
សម្តេចតេជោបានឲ្យដឹងថា កម្ពុជាគឺជាប្រទេសតូចមួយដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្តែសល់ស្រូវជាង៦លានតោនក្នុងនោះបើគិតជាអង្ករគឺសល់ជាង៤លានតោន ដែលនេះគឺជាទំហំដល់ធំមួយសម្រាប់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីឈានសម្រេចឲ្យបានការនាំចេញអង្ករឲ្យបានមួយលានតោនក្នុងមួយឆ្នាំនោះ កម្ពុជាត្រូវតែផ្លាស់ប្តូរ មិនមែនជាការធ្វើតាមរបៀបចាស់នោះទេ គឺជាកញ្ចប់នយោបាយសម្រាប់ការនាំចេញស្រូវនិងអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេស។
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានចំនួនជាង៤០ម៉ឺនតោន ៕