ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក កៅ ថាច រៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាលផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម

ខេត្តកណ្តាល ៖ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជា​ប្រធាន​ក្ក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលនៅ ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅសលាស្រុកខ្សាច់កណ្តាល​មានរៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាល ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម។

អ្នកចូលរួមមានលោកស្រឡុង ណាវី អភិបាលស្រុកស្តីទី រួមនិងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកស្តីទី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំទាំង១៨ លោក-លោកស្រីប្រធានសមាជិកយុវជនស្រុក និងលោក-លោកស្រី ប្រធានយុវជន និងសមាជិកយុវជនឃុំទាំង១៨ រួមជាមួយបងប្អូនប្រជាកសិករ ប្រមានជិត ២០០នាក់។

លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់​ដែលមាន​វត្តមានអំពី៖ ​​​​​​​​​​​​​​​​​​ ១.អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លាន​ដុល្លារអាមេរិក។

ទី២.ធ្វើការចែករំលែកព័ត៍មានអំពីវិស័យកសិកម្ម​នៅកម្ពុជា​ដោយផ្តោតសំខាន់លើការដាំដុះបន្លែ ផ្លែឈើ វារីវប្បកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាដើម ដើម្បី​ទុកជាបទពិសោធន៍ដល់បងប្អូនប្រជាកសិករ​ និងបងប្អូន ជាយុវជន​​។

លោកអគ្គនាយកបានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួនជាធាតុចូល អំពីការរៀបចំផែនការដើម្បីដាំដុះ ការចិញ្ចឹម ដែលធ្វើឱ្យចំណេញទាំងថវិកា ពេលវេលា និង ជាពិសេសធានាបានអំពីការផ្គត់ផ្គង់ចូលទីផ្សារបានគ្រប់គ្រាន់ផងដែរ។
ចំពោះចំណុចទី៣.ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម។

ក្នុងវិស័យផលិតផលកសិកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក។

សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ដែលការណ៍នេះជាឱកាសសម្រាប់បងប្អូនកសិករ យុវជន ក្នុងស្រុកខ្សាច់កណ្តាល អាចទំនាក់ទំនង​មក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ដើម្បី​ធ្វើការស្នើសុំឥណទាន​ពីក្នុងគម្រោងហិរញ្ញប្បទានពិសេស​នេះ ឬពីគម្រោងឥណទានផ្សេង​ទៀតរបស់​ធនាគារបាន។

ជាមួយគ្នានេះ លោក កៅ ថាច បានធ្វើការជំរុញ និងលើកទឹកចិត្តឱ្យកសិករ និងយុវជនក្នុងស្រុក​ខ្សាច់កណ្តាល ដែលមានបំណងចង់រៀនបន្ថែមអំពីបច្ចេកទេសចញ្ចឹមសត្វ ចញ្ចឹមត្រី ឬ​ការដាំដុះជាដើម អាចធ្វើការចងក្រងជាក្រុម ឬជាសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយ​ លោក នឹងជួយស្នើសុំគ្រូបង្គោល​ដែលមានជំនាញ​ឱ្យចុះមកបង្រៀនដល់បងប្អូន​កសិករផងដែរ។