លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសនេះ ចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។
លោក សឺហ្គេ ឡាវរ៉ូវ បានបន្ថែមថា រុស្ស៊ីមិនដើរតាមគន្លងរបស់សហរដ្ឋអាមេរិកទេ ដែលមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G របស់ចិន ដោយបារម្ភពីសុវត្ថិភាពសន្តិសុខ យោធា និងសេដ្ឋកិច្ច និងចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ពីបទធ្វើចារកម្មតាមប្រព័ន្ធនេះនៅពេលខាងមុខ។
លោក ឡាវរ៉ូវ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចិន អាចនឹងត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកនៅពេលខាងមុខ ដោយសារប្រព័ន្ធនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យានាំមុខគេ និងមានល្បឿនលឿនជាងគេផងដែរ៕