នាវាដឹកទំនិញធុនធំរបស់កម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) ដែលដឹកជំនួយប្រមាណជាង១២៥០០តោន បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែសីហានេះ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះ ដែលរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមី កាលពីខែចុងខែមុន ។
លោក អាម័រ ដាអ៊ូឌី (Amer Daoudi) នាយកប្រតិបត្តិប្រចាំនៅប្រទេសលីបង់របស់កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ជំនួយទាំង១២៥០០តោននៅលើនាវានេះ គឺមានស្រូវសាលី សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត ។
លោក អាម័រ ដាអ៊ូឌី បានបន្ថែមថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ មិនត្រឹមតែរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុងបេរូតនោះទេ ប្រជាពលរដ្ឋនៅប្រទេសនេះបានរងគ្រោះរួចទៅហើយដោយសារវិបត្តិនយោបាយ ជាហេតុនាំអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះប្រមាណជាងពាក់កណ្តាលកំពុងរស់នៅក្នុងបន្ទាត់នៃភាពក្រីក្រនៅឡើយ៕