ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា ប្រាប់មន្រ្តីនគរបាលឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងបរិបទកូវីដ១៩

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ដើម្បីបញ្ជ្រាបចំណេះដឹង និងពន្យល់ពីហានិភ័យដែលអាចកើតឡើងក្នុងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទដល់បងប្អូនប្រជាពលរដ្ឋយើងនៅថ្នាក់មូលដ្ឋាន។

ក្នុងពិធីនេះក៏មានការអញ្ជើញលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីមន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងលោកអធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ គឺស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ ដែលជាស្រុកគោលដៅ និងមានប្រជាជនធ្វើចំណាកស្រុក និងធ្លាក់ក្នុងអន្ទាក់រងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ដែលបានកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ និងជាពិសសេស បន្តយុទ្ធនាការក្នុងការអប់រំផ្សព្វផ្សាយអំពីទម្រង់នៃអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង។

គួរកត់សម្គាល់ដែរថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងរហូតបាត់បង់អាយុជីវិតក៏មានដែរ។

សូមរំឭកថា ស្របពេលនៃការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ជាសាកល បានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះនឹងបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួនជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា សូមអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់៖

     -ត្រូវពិនិត្យពិច្ច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណី ដែលមានការអូសទាញណាមួយនាំឲ្យមានចំណាកស្រុកខុសច្បាប់ ឬមានការបម្លាស់ទី ដែលមានគោលដៅ។

     -ត្រូវបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឲ្យជនល្មើស អន្តរការី (មេខ្យល់) ទាំងឡាយណា មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

       -ត្រូវអង្កេត និងកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យា ដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើសបានទាក់ទងគ្នា តាមប្រព័ន្ធបណ្តាញសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬគេចពីក្រសែភ្នែករបស់អាជ្ញាធរក្នុងមូលដ្ឋាន៕