កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភជាថវិកាមួយចំនួនដល់កងកម្លាំងសមត្ថកិច្ចចម្រុះ បន្ទាប់ពីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវ ប្រកបដោយភាពជោគជ័យ ក្រោយពេលគណៈកម្មការ ដឹកនាំដោយ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុក។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អភិបាលខេត្ត បានថ្លែងថា ប្រសិនបើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនព្រមរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរមិនខាន តែទោះជាយ៉ាងណាពេលនេះ ត្រូវបានដោះស្រាយដោយជោគជ័យហើយ។
បើតាមលោក ផេន សុផល អភិបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់កិច្ចការថែរក្សាសណ្ដាប់ធ្នាប់ នៅទីប្រជុំជនផ្សារផ្អាវ មកឲ្យអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើកិច្ចការនេះបន្ត។
លោក ផេន សុផល បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ នៅទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋនៅតាមអមសង្ខាងផ្លូវ បានចូលរួមសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណីផ្លូវទាំងសងខាងផ្លវនោះ។
លោកអភិបាលស្រុកបាធាយបានបន្តថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវបន្ត លោកនឹងរៀបចំ បង្កើតគណៈកម្មការ ដើម្បី ធ្វើការចំបន្តដូចជា ការថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមិនអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស អាជ្ញាធរបានកំណត់។
ដោយឡែក ប្រសិនបើប្រជាពលរដ្ឋ ដែលចង់សាងសង់ ចាក់សាប ឬកែសោភ័ណភាពមុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈកម្មការបច្ចេកទេសមកត្រួតពិនិត្យសិន ទើបអនុញ្ញាតឲ្យពួកគាត់អនុវត្តការសាងសង់ដោយស្ម័គ្រចិត្ត ដោយមិនអនុញ្ញាតឲ្យសាងសង់ខ្ពស់ ទាបជាងគ្នា ឬការ សាងសង់ខុសបទដ្ឋានបច្ចេកទេសនោះឡេីយ៕