ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលចែកចាយ ទំនិញ នៅក្នុងតំបន់អាស៊ាន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការ តភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។
ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។

បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់ អារម្មណ៍ខ្ពស់លើ គម្រោងមួយនេះ។

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះមានគោលបំណងបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា, កំណត់លទ្ធផល និងគោលដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+, កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន YCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង ព្រមទាំងស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។

ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀត ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ាជាដើម។

បើតាមលោក ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ។

លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ដែលមានបំណងចង់សិក្សា និងវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងបានស្នើឱ្យភាគីទាំងនោះ ទាក់ទងមកក្រុមការងារបច្ចេកទេសរបស់ក្រសួង ដើម្បីឱ្យក្រុមការងារនេះជួយសម្របសម្រួល និងដោះស្រាយបញ្ហាជូន សំដៅឱ្យការអនុវត្តគម្រោងត្រូវតាមជំហាននិងកាលបរិច្ឆេទ របស់ខ្លួនដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់៕. សំរិត