ប្រទេសឥណ្ឌូនេស៊ី ជាប់លេខ១នៅតំបន់អាស៊ីអាគ្នេយ៍ (Asean) ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញានេះ ។ ឥណ្ឌូនេស៊ីមានមនុស្សស្លាប់ថ្មីចំនួន ១៦០នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៧១នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។
សូមបញ្ជាក់ជូនថា ប្រទេសជាសមាជិកអាស៊ានដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ គឺប្រទេសហ្វីលីពីនឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងសរុបចំនួន ២៩១ ៧៨៩នាក់ ឥណ្ឌូនេស៊ីលេខ២មានមនុស្សឆ្លងសរុប ២៥២ ៩២៣នាក់ សិង្ហបុរីលេខ៣ មានមនុស្សឆ្លងសរុប ៥៧ ៦២៧នាក់ ម៉ាឡេស៊ីជាប់លេខ៤មានមនុស្សឆ្លងសរុប ១០ ៣៥៨នាក់ និងសហភាពមីយ៉ានម៉ាជាប់លេខ៥ មានមនុស្សឆ្លងសរុប ៦ ៧៤៣នាក់ ។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៧៦៣ ៧២១នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៩៧៤ ៥៤៦នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ២៣ ៣៦៨ ៤១៦នាក់ ៕