ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជាច្រើនកន្លែងជូនសិស្សនិស្សិត យុវជន អ្នកស្វែងរកការងារនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ”។
ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K ) ។
លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀប ចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែកញ្ញានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបាន ជួបជាមួយអ្នកកំពុងស្វែងរក ការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។
លោក ឆោម សុខឿន បានបញ្ជាក់ថា អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបាន សមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុននោះតែម្ដង ។
ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
គួរបញ្ជាក់ថា កម្មវិធី “កិច្ចសម្ភាសប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
អ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕