ព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសក្តានុពលនៅក្នុងខេត្ត សម្រាប់គោលដៅវិនិយោគ ទេសចរណ៍ និងស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែខេត្តព្រះសីហនុ។
លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា មានគម្រោងចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹក និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោកស្រីបានបន្តថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានផ្លាស់ប្តូរគណ:ប្រតិភូទៅវិញទៅមកជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទស្សន:កិច្ចនៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា វិស័យការពារជាតិ។
សូមរំឭកថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍន៍មេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។
ក្នុងមួយឆ្នាំប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន១៥០នាក់ ហើយឆ្នាំ២០១៩នេះ បានបន្ថែមដល់២៩នាក់ទៀត ក្នុងនោះក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្សផ្នែកកងទ័ពជើងទឹក បច្ចេកទេសដោះមីន និងយុទ្ធភណ័មិនទាន់ផ្ទុះជាដើម។
លោកស្រីបានបន្តទៀតថា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសឥណ្ឌា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា បានចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោកស្រីអគ្គរដ្ឋទូតឥណ្ឌចំពោះការស្នើរសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅចុងខែមីនា ខាងមុខនេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា មានទំនាក់ទំនង់ល្អជាមួយគ្នា ដូចជាបងប្អូននឹងគ្នា ជាយូរមកហើយ ជាពិសេសនៅគ្រាប្រទេសកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ។ ពេលនោះ ប្រទេសឥណ្ឌាបានចូលរួមក្នុងការសម្របសម្រួលជាអន្តរជាតិ ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព សេរីភាព ពេញបរិបូណ៍លើផ្ទៃប្រទេស។
លោកយន្ត មីនបានបន្តទៀតថា ប្រទេសឥណ្ឌាមានធនធានមនុស្សពូកែខាងបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រសុខាភិបាល ហើយបានជួយបណ្តុះបណ្តាលវិស័យយោធា ផ្នែកដោះមីន យុទ្ធភ័ណមិនទាន់ផ្ទុះ ជាពិសេសទៀត ជួយជួសជុសប្រាសាទអង្គវត្ត នៅខេត្តសៀមរាប។
លោក យន្ត មីន បានសំណូមពរដល់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា សូមជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគិនឥណ្ឌា ឲ្យមកដាក់ទុនវិនិយោគនៅខេត្តនេះ។
លោកស្រី Manika Jain បានបញ្ជាក់ថា លោកស្រីនឹងជំរុញអ្នកវិនិយោគ និងទេសចរឥណ្ឌា ឲ្យសម្លឹងមើលខេត្តព្រះសីហនុ សម្រាប់គោលដីវិនិយោគ នាថ្ងៃខាងមុខ ដែលសម្រាប់ឆ្នាំ២០១៨ មានភ្ញៀវទេសចរឥណ្ឌចំនួន២.៥៧៨នាក់ចូលមកកម្ពុជា៕