កំពត៖ លោកស្រី ឌិត និតា ភរិយា លោក សាយ សំអាល់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយ តំណាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល ។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយវិធីបង្ការការពារ ទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុន ចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំបន់ទេសចរណ៍ធម្មជាតិបឹង អន្លង់ ព្រីងខេត្តកំពត ។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតបានលើកឡើងពី ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ ខេត្តកំពត ក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលុបបំបាត់ឱ្យអស់នៅឆ្នាំ ២០២៥ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា នាយករងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខភិបាល បានលើកឡើងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមអាចការពារ និងបង្ការបាន ហើយចាំបាច់ត្រូវការចូលរួមពីមន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការយល់ដឹងពីវិធីការពារកុំឱ្យមានមូសខាំ។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់មន្រ្តីរាជការ និងប្រជា សហគមន៍ ក្នុងតំបន់ការពារ ធម្មជាតិ ហើយនេះក៏ជាការប្តេជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខា ភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥។
លោកស្រី ឌិត និតា ភរិយា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្រ្តីឧទ្យានុរក្ស និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
លោកស្រី បានបញ្ជាក់ថា មន្ត្រីក្រសួងបរិស្ថាន បង្កើនយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់មន្ត្រីរាជការ ក៏ដូចជាការលើកកម្ពស់ស្ថានភាពជីវភាព សមត្ថភាព លទ្ធភាព និង ប្រសិទ្ធភាពការងារ តាមរយៈ «គោលនយោបាយស្ដីពីកិច្ចគាំពារ មន្ត្រីរាជការក្រសួងបរិស្ថាន» ។
លោកស្រីឌិត និតា និងប្រតិភូបានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ទេសចរណ៍ ធម្មជាតិបឹងអន្លង់ព្រីង នៃស្រុកកំពង់ត្រាចខេត្តកំពត៕