ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចេញដីកាសម្រេចបង្ខាំងទុកចលនទ្រព្យ និងអបចលនទ្រព្យរបស់បុរសម្នាក់ អះអាងខ្លួនថា ជាមន្ត្រីយោធា ដែលរងបណ្តឹងថា ឆបោកប្រាក់គេជាងកន្លៈលានដុល្លា ហើយគេចវេសមិនព្រមសង។
លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់នេះ បានសម្រេចបង្ខាំងទុកចលនទ្រព្យ មានដូចជារថយន្ត និងអចលនទ្រព្យ មានដូចជាឃ្លាំង ផ្ទះ និងដីធ្លី របស់លោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ដើម្បីរក្សាទុកលក់ឡៃឡុងសម្រាប់សងបំណុល គិតជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ដែលលោកបានជំពាក់ឈ្មោះ សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ។
សាលក្រមសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិខាងលើនេះ ត្រូវបានធ្វើឡើង ក្នុងសវនា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លើបណ្តឹងអនុវត្តដីការក្សាការពារ ក្នុងសំណុំរឿងព្រហ្មទណ្ឌបោកប្រាក់ជាងកន្លៈលានដុល្លារ ដើម្បីបង្ខំឲ្យឈ្មោះ ស៊ុន សារឿន ទូទាត់សងបំណុលគរ។
កាលពីដើមកក្កដា ឆ្នាំ២០២០ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ដែលលោកគេចវេសមិនព្រមសង។
សូមបញ្ជាក់ថា សេចក្តីសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិនេះ គឺធ្វើឡើងបន្ទាប់ពីកូនបំណូលបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុល ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក។
សូមរំឭកដែរថា ដោយសារជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តដោយបង្ខំ ហើយចាប់រឹបអូសបានរថយន្តពីរគ្រឿង និងអចលនវត្ថុមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈរថយន្តជាច្រើនគ្រឿងទៀត ត្រូវគេលួចដូរស្លាកលេខសម្គាល់ដើម្បីគេចវេសពីការចាប់រឹបអូស។
ចលនទ្រព្យ និងអចលនទ្រព្យ ដែលត្រូវរឹបអូសជាបណ្តោះអាសន្នពីឈ្មោះ ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។
កន្លងមក ប្រភពច្បាស់ការណ៍នៅក្នុងរឿងក្តីក្តំនេះ បានធ្លាប់ប្រាប់ Daily-Khmer ឲ្យដឹងថា ក្រោយពីព្រះរាជអាជ្ញាចោទប្រកាន់ពីបទព្រហ្មទណ្ឌក្នុងសំណុំរឿងឆបោក និងរឹបអូសទ្រព្យសម្បត្តិដោយបង្ខំ កូនបំណុលឈ្មោះ ស៊ុន សារឿន បានព្យាយាមបង្កើតភស្តុតាងដោះបន្ទុក ប៉ុន្តែបែរជាក្លាយទៅភស្តុតាងបញ្ជាក់ពីការជំពាក់លុយ ហើយមិនព្រមសងទៅវិញ។
ប្រភពដដែលបានបន្ថែមទៀតថា ដោយទង្វើឆបោកនេះហើយ ទើបមានបណ្តឹងដាក់ចូលតុលាការជាបន្តបន្ទាប់ពីភាគីផ្សេងទៀត ដែលអះអាងថា ត្រូវបុរសរូបនេះឆបោកដូចឈ្មោះ សុខ ច័ន្ទដារ៉ា ផងដែរ។
Daily-Khmer នៅសប្តាហ៍មុន និងនៅក្នុងសប្តាហ៍នេះបានព្យាយាមទាក់ទងខាងភាគីលោក ស៊ុន សារឿន ដើម្បីសុំការបកស្រាយលើការសម្រេចរបស់តុលាការ ប៉ុន្តែមិនអាចទាក់ទង រហូតក្រោយមកស្ត្រីម្នាក់ អះអាងថា ជាសាច់ញាតិរបស់លោក ស៊ុន សារឿន បានផ្ញើសារជាសំឡេងចូលក្នុងផេក Daily-Khmer ដោយគំរាមប្តឹងចំពោះការផ្សាយអំពីករណីនេះថែមទៀតផង។
ក្រោយពីទទួលបានសារគំរាមនេះ Daily Khmer បានសួរបញ្ជាក់អំពីទំនាក់ទំនងរវាងនាងជាមួយលោក ស៊ុន សារឿន និងសុំការបកស្រាយពន្យល់បន្ថែម ប៉ុន្តែនាងមិនព្រមឆ្លើយតបឡើយ ហើយ Blog Facebook មិនឲ្យទទួលសំណួរទៀតទេ។
នៅក្នុងសំណុំរឿងឆប្រោកប្រាក់នេះ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទឈ្មោះ ស៊ុន សារឿន ពាក់ព័ន្ធករណីឆបោកប្រាក់៥២៤ ១៤៥ដុល្លារ ហើយចេញសែកស្អុយឲ្យម្ចាស់បំណុល។
ឈ្មោះ ស៊ុន សារឿន រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រថេសិន ឯ.ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការដឹកជញ្ជូនទំនិញឆ្លងដែន ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងចេញសែកស្អុយ។
លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស៊ុន សារឿន និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែបែរជាត្រូវលោកស្រី ស៊លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន បន្ទាប់ពីជនត្រូវចោទខាងលើនេះបង់ប្រាក់ធានា និងសន្យាស្វះស្វែងរកប្រាក់សងម្ចាស់បំណុល។
ដោយសារចៅក្រមស៊ើបដោះលែងឲ្យនៅក្រៅគុក ហើយបង្កឲ្យខូចផលប្រយោជន៍របស់លោក សុខ ច័ន្ទដារា យ៉ាងធ្ងន់ធ្ងរ ទើបតំណាងអយ្យការដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តែម្តង។
យោងតាមដីកាបង្គាប់ឲ្យចូលរួមសវនាការ ដែល Daily Khmer ទើបទទួលបាន តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ស្អែកនេះ នឹងបើកសវនាការដល់អង្គសេចក្តីនៃបណ្តឹងទារសំណងរបស់លោក សុខ ច័ន្ទដារ៉ា ឲ្យលោក ស៊ុន សារឿង សងប្រាក់ជាងកន្លៈលានដុល្លារ៕