ភ្នំពេញ៖ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
លោកដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានកម្មវិធីស្បៀងអាហារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកកម្មវិធីថ្មីប្រចាំនៅកម្ពុជា។ ហើយចំពោះកម្មវិធីស្បៀងអាហារពិភពលោកដែលបាន និងកំពុងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ សំដៅកាត់បន្ថយ និងលប់បំបាត់ភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលសមិទ្ធផលដ៏ប្រពៃនេះបានរុញច្រានកម្ពុជាពីប្រទេសដែលអសន្តិសុខស្បៀងទៅជាប្រទេសដែលមានស្បៀង និងបាននាំចេញផលិតផលកសិកម្មទៅបណ្តាប្រទេសជាច្រើនផងដែរ។
លោកស្រី Clair Conan បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អដល់កម្មវិធីស្បៀងអាហារពិភពលោក។ លោកស្រីបានបន្ថែមថា ចំពោះវិស័យកសិកម្មគោលដៅក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារពិភពលោកគឺសំដៅទៅលើការជម្រុញ និងលើកទឹកចិត្តដល់កសិករខ្នាតតូចឲ្យបង្កើនផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។
លោកស្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងបន្តទៅមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ការផ្តល់កិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន ថែមមួយកម្រិតទៀត៕