លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) កាលពីរាត្រីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
លោកស្រីបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម ក្នុងកាលៈទេសៈវិស័យកាត់ដេរ វេយណភ័ណ្ឌ ជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកាជូនដល់កម្មករ និងកម្មការិនី ។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ នូវគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះ គោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាច រស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើងទាំងអស់គ្នា។
ពិធីនេះ ចូលរួមពី លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ជាង ស៊ីចុង ជាប្រធានសមាគមនមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជានិង លោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាគមមិត្តភាពពាណិជ្ជករចិននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមអបអរសាទរ និងកោតសរសើរ ចំពោះសមាគម ក្រោមការដឹកនាំរបស់ លោក ជាង ស៊ីចុង ជាប្រធានសមាគម និងដោយមានការជជ្រោមជ្រែងពីសំណាក់ លោកឧកញ៉ា អ៊ឹង លីហេង ប្រធានកិត្តិយសសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា និងសហការីបានបំពេញ តួនាទីរបស់ខ្លួនតាមភារកិច្ចបានយ៉ាងល្អទៅតាមលក្ខន្តិកៈរបស់សមាគម ។
នៅក្នុងការងារមនុស្សធម៌ ការងារសង្គម និងបាន ពង្រឹងសហគមនធុរៈកិច្ច សហគមពាណិជ្ជកម្ម ទំនាក់ទំនង សិល្បៈ វប្បធម៌ រវាងប្រជាជាតិនៃប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់សមាគម ក៏ដូចជាពាណិជ្ជករចិនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ និងការបង្កើនឱកាស ការងារដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស តាមរយៈ ការប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម និងជួយឧបត្ថម្ភសមាជិក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។
កម្ពុជាតែងតែ គាំទ្រនយោបាយការបរទេសចិន ជាពិសេស គោលនយោបាយចិនតែមួយស្តីពី “ការផ្តួចផ្តើម គំនិតខ្សែក្រវ៉ាត់ និងផ្លូវ”។ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏សូមចូលរួមអបអរសាទរនូវខួបលើកទី៧១ នៃថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងសូមចូលរួមអបអរសាទរក្នុងពិធីបុណ្យសែនព្រះខែចិន ដែលពិធីបុណ្យសែនព្រះខែនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរបស់ខ្មែរផងដែរ ៕








