ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប.ខេត្តស្ទឹងត្រែងហាមឃាត់និងធ្វើការណែនាំ និងតម្រូវឱ្យកែសម្រួលនៅសម្បកវេចខ្ចប់សារជាថ្មីអំបិលដែលគ្មានសារធាតុអ៊ីយ៉ូត 

(ខេត្តស្ទឹងត្រែង)៖ មន្រ្តីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់អំបិលស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីពិនិត្យរកកំហាប់ អ៊ីយ៉ូត ដែលធ្វើ​ឡើង​នៅរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

មន្រ្តីនិយាយថា ​​ក្នុងគោលបំណងនៃការស្រាវជ្រាវ គឺដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងក្លែងបន្លំស្លាកសញ្ញា ស្របតាមអនុក្រឹត្យ លេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូត។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានការវេចខ្ចប់មិនត្រឹមត្រូវមួយចំនួនដោយបានធ្វើកំណត់ហេតុ និងកិច្ចសន្យាប្តូរសម្បកវេចខ្ចប់សារជាថ្មី ចំពោះអំបិលដែលគ្មានអីយ៉ូត ដោយមិនត្រូវយកថង់ដែលមានស្លាកសញ្ញាអ៊ីយ៉ូតមកច្រកឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕