បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាល ខេត្ដបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះជាង២០០នាក់ ចុះរុញនិងបារកំប្លោកចេញពីស្ទឹងសិរីសោភ័ណ ត្រង់ទីតាំងវត្តសេនាប្រជុំពលភ្នៀត(វត្តភ្នៀត)ស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរី សោភ័ណ ដើម្បីសោភ័ណភាពបរិស្ថានក្នុងស្ទឹង ហើយជាកន្លែងអភិរក្សត្រី និងធនធានជីវៈចម្រុះក្នុងស្ទឹងឱ្យបាននៅគង់វង្ស។ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ស្ទឹងសិរីសោភ័ណត្រង់តំបន់ភ្នៀតនេះ ជាកន្លែងអភិរក្សពូជត្រីមួយយ៉ាងសំខាន់ ហើយក៏ជា ប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋយើងផងដែរ ។ ការបារសម្អាតកំប្លោកនេះ គឹក្នុងគោលបំណង ជួយសម្អាតបរិស្ថាន ដើម្បីធ្វើឱ្យទឹកស្អាត សម្រាប់ត្រីរស់នៅនិងសម្រាប់ប្រជាពល រដ្ឋបាន ប្រើប្រាស់ផងដែរ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋគប្បីបង្កើនការយកចិត្តទុកដាក់ ចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានឱ្យបានស្អាត ចៀសវាងការចោលកាកសំណល់រាយប៉ាយ ដែលនាំឱ្យខូច បរិស្ថានក្នុងស្ទឹងបន្តទៀត ក្រោយពីបាររួចរាល់ហើយ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ដែលដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណ ៥៥នាក់ចូលរួមក្នុងប្រតិបត្តិការនេះបានលើកឡើងថា ក្រៅតែពីការងារស្នូលក្នុងការថែរក្សាសុខសន្តិសុខ សណ្តាប់ធ្នាប់នោះ ការងារសង្គមក៏ជាភារកិច្ចចម្បងរបស់កងរាជអាវុធហត្ថផងដែរ។
លោកក៏បានចាត់ទុក សកម្មភាពចុះបារសម្អាតកំប្លោករបស់កងកម្លាំងប្រដាប់អាវុធនេះ ជាការរួមចំណែកមួយក្នុង កិច្ចការសង្គម ក៏ដូចបម្រើជូនដល់ប្រជាពលរដ្ឋ ៕