ភ្នំពេញ៖ សួនច្បារថ្មីនៅតាមបណ្តោយផ្លូវភ្នំពេញ–ហាណូយ ខាងមុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់ ១០០ភាគរយ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ កញ្ញានេះថា សួនច្បារថ្មី១កន្លែងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាច្រើនខែកន្លងមកហើយ មកដល់ពេលនេះ ការដ្ឋានទាំងមួលសម្រេចបានរួចរាល់១០០ភាគរយហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលំហែកាយ ។
លោកសំ សាមុត បានបន្តទៀតថា ការស្ថាបនា សួនច្បារថ្មី១កន្លែងនេះ មានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមាន បណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។
សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារផងដែរ ៕