ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០  ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកសវនាជំនុំជម្រះ ករណីបុរសម្នាក់អះអាងជាមន្ត្រីយោធា ដែលរងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។

សវនាការនេះ គឺធ្វើឡើងក្នុងបណ្តឹងរបស់លោក សុខ ច័ន្ទដារា ប្តឹងលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ឲ្យសងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ  ហើយលោក ស៊ុន សារឿន បានជំពាក់ហើយមិនបានសង។

នៅក្នុងសវនាការអស់ជាច្រើនម៉ោង លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានសួរលោក ស៊ុន សារឿន ឲ្យពន្យល់បកស្រាយចំពោះសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់ពីលោក សុខ ច័ន្ទដារ៉ា ជាងកន្លៈលានដុល្លារ ហើយចេញសែកអត់សាច់ប្រាក់ឲ្យម្ចាស់បំណុល។

ចំពោះសំណួរនេះ លោក ស៊ុន សារឿន ឆ្លើយថា «ចេញសែក ដោយសារលោក សុខ ច័ន្ទដារ៉ា ជំពាក់លុយខ្ញុំ»។

«ចុះបើគេជំពាក់លុយ ម៉េចចេញសែកជំពាក់គេ? សែកអត់លុយទៀត! តើលោកដឹងថា ខុសច្បាប់ទេ? លោកចៅក្រមសួរបញ្ជាក់។

លោក ស៊ុន សារឿន ឆ្លើយថា «ខ្ញុំចេញសែក ដើម្បីឲ្យគេសប្បាយចិត្ត» ហើយព្យាយាមពន្យល់ថា ចេញសែកអត់លុយដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ក្នុងរបររកស៊ី។

លោកចៅក្រម រស់ ពិសិដ្ឋ សួរពិសិដ្ឋ បានសួរបន្ថែមអពីមូលហេតុថា លោកជាអ្នករកស៊ី គឺចេះណាស់។ ហេតុអ្វីចេញសែកអត់លុយ។

ក្រោយពីចៅក្រមជំនុំជម្រះបញ្ចប់ការសួរបញ្ជាក់ម្តងហើយ ម្តងទៀតពីជនជំពាក់បំណុលគេឲ្យពន្យល់ពីសុច្ចរិតភាពនៃចម្លើយរបស់ខ្លួន, មេធាវីនៃគូភាគីឡើងធ្វើសន្និដ្ឋានរួចមក, តំណាងអយ្យការក្នុងសវនាការ បានសម្រេចការសេចក្តីផ្តើមចោទថា លោក ស៊ុន សារឿន ពិតជាជំពាក់លុយគេមែន ហើយចេញសែកស្អុយ ដែលជាវត្ថុអាចជុញដូរបាន ដើម្បីធានាបំណុល តែច្បាប់មិនអនុញ្ញាតឡើយ។

សូមរំឭកថា កាលពីដើមកក្កដា ឆ្នាំ២០២០​​​ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ដែលលោកគេចវេសមិនព្រមសង។

សេចក្តីសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិនេះ គឺធ្វើឡើងបន្ទាប់ពីកូនបំណូលបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុល ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក ហើយជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ ដូច្នេះទើបអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តដោយបង្ខំ ហើយចាប់រឹបអូសបានរថយន្តពីរគ្រឿង និងអចលនវត្ថុមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈរថយន្តជាច្រើនគ្រឿងទៀត ត្រូវគេលួចដូរស្លាកលេខសម្គាល់ដើម្បីគេចវេសពីការចាប់រឹបអូស។

ចលនទ្រព្យ និងអចលនទ្រព្យ ដែលត្រូវរឹបអូសជាបណ្តោះអាសន្នពីឈ្មោះ ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។

នៅក្នុងរឿងក្តីនេះ កន្លងមក មានប្រភពច្បាស់ការណ៍ បានធ្លាប់ប្រាប់ Daily-Khmer​​​ ឲ្យដឹងថា ក្រោយពីព្រះរាជអាជ្ញាចោទប្រកាន់ពីបទព្រហ្មទណ្ឌក្នុងសំណុំរឿងឆបោក និងរឹបអូសទ្រព្យសម្បត្តិដោយបង្ខំ កូនបំណុលឈ្មោះ ស៊ុន សារឿន បានព្យាយាមបង្កើតភស្តុតាងដោះបន្ទុក ប៉ុន្តែបែរជាក្លាយទៅភស្តុតាងបញ្ជាក់ពីការជំពាក់លុយ ហើយមិនព្រមសងទៅវិញ។

ប្រភពដដែលបានបន្ថែមទៀតថា ដោយទង្វើឆបោកនេះហើយ ទើបមានបណ្តឹងដាក់ចូលតុលាការជាបន្តបន្ទាប់ពីភាគីផ្សេងទៀត​​​ ដែលអះអាងថា ត្រូវបុរសរូបនេះឆបោកដូចឈ្មោះ សុខ ច័ន្ទដារ៉ា ផងដែរ។

Daily-Khmer នៅសប្តាហ៍មុន និងនៅក្នុងសប្តាហ៍នេះបានព្យាយាមទាក់ទងខាងភាគីលោក ស៊ុន សារឿន ដើម្បីសុំការបកស្រាយលើការសម្រេចរបស់តុលាការ ប៉ុន្តែមិនអាចទាក់ទង រហូតក្រោយមកស្ត្រីម្នាក់ អះអាងថា ជាសាច់ញាតិរបស់លោក ស៊ុន សារឿន បានផ្ញើសារជាសំឡេងចូលក្នុងផេក Daily-Khmer ដោយគំរាមប្តឹងចំពោះការផ្សាយអំពីករណីនេះថែមទៀតផង។

ក្រោយពីទទួលបានសារគំរាមនេះ Daily Khmer បានសួរបញ្ជាក់អំពីទំនាក់ទំនងរវាងនាងជាមួយលោក ស៊ុន សារឿន និងសុំការបកស្រាយពន្យល់បន្ថែម ប៉ុន្តែនាងមិនព្រមឆ្លើយតបឡើយ ហើយ Blog Facebook មិនឲ្យទទួលសំណួរទៀតទេ។

នៅក្នុងសំណុំរឿងឆប្រោកប្រាក់នេះ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទឈ្មោះ ស៊ុន សារឿន ពាក់ព័ន្ធករណីឆបោកប្រាក់៥២៤ ១៤៥ដុល្លារ ហើយចេញសែកស្អុយឲ្យម្ចាស់បំណុល។

ឈ្មោះ ស៊ុន សារឿន រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រថេសិន .ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការដឹកជញ្ជូនទំនិញឆ្លងដែន ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងចេញសែកស្អុយ។

លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស៊ុន សារឿន និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែបែរជាត្រូវលោកស្រី ស៊លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន បន្ទាប់ពីជនត្រូវចោទខាងលើនេះបង់ប្រាក់ធានា និងសន្យាស្វះស្វែងរកប្រាក់សងម្ចាស់បំណុល។

ដោយសារចៅក្រមស៊ើបដោះលែងឲ្យនៅក្រៅគុក ហើយបង្កឲ្យខូចផលប្រយោជន៍របស់លោក សុខ ច័ន្ទដារា យ៉ាងធ្ងន់ធ្ងរ ទើបតំណាងអយ្យការដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តែម្តង។

បន្ទាប់ពីសវការសួរដេញដោលអស់ជាច្រើនម៉ោងរួចមកនៅវេលាថ្ងៃត្រង់នេះ លោកចៅក្រម រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទសវនាកា ហើយសម្រេចប្រកាសសាលក្រមលើបណ្តឹងទារសំណងរបស់លោក សុខ ច័ន្ទដារ៉ា ឲ្យលោក ស៊ុន សារឿង សងប្រាក់ជាងកន្លៈលានដុល្លារ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០៕