នេះយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សូមសារធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលើផ្ទៃសមុទ្រ ការចេញទៅនេសាទ និងការធ្វើដំណើរកំសាន្ដតាមមាត់សមុទ្រ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានជាយថាហេតុ ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួងធនធានទឹក និងឧត្តនិយមបាន ជូនដំណឹងថា មានប្រព័ន្ធសម្ពាធទាបបាន បន្តលាតសន្ធឹងឆ្លងកាត់កម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយ នៅ លើសមុទ្រចិនខាងត្បូងដែលអាចនឹង កើតមានជាវិសម្ពាធទាប ឬជាព្យុះ ដើរសំដៅឆ្ពោះចូលដល់លើ ភាគខាងត្បូងវៀតណាម នៅថ្ងៃទី៧ តុលា។
ស្ថានភាពអាកាសធាតុបែបនេះ នឹងបណ្តាឲ្យខេត្តមួយចំនួនស្ទើរទូទាំងប្រទេស អាចមានភ្លៀង និងខ្យល់កើនឡើង ក្នុងអំឡុងចាប់ពីថ្ងៃទី៧-៩ តុលា ។ចំពោះខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមជំនន់ទឹកភ្លៀង ។ ជាមួយគ្នានេះ នៅមាត់សមុទ្រនិងលើផ្ទៃ សមុទ្រអាចមានភ្លៀងខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗ ៕