ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ នឹងជួបពិភាក្សាការងារជាមួយនឹង លោក​​ វ៉ាង យី (Wang Yi)ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិននៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០នេះ។

ក្នុងជំនួបនោះ លោក វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី  លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​​​ជាណាចក្រកម្ពុជា។

លោក​​ក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ប្រជាជនចិនជូនចំពោះសម្ដេចតេជោថែមទាំងបានជូនពរសម្ដេចតេជោឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។

លោក​​វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនកាលពីអំឡុង​ខែ​កុម្ភះ​កន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អរបស់សម្ដេចតេជោចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងនិងការយកចិត្តទុកដាក់រវាងកម្ពុជា និងចិនផងដែរ។

លើសពីនេះទៅទៀត លោកបានបញ្ជាក់ថានេះគឺជាសណ្តានទឹកចិត្តមួយរបស់សម្ដេចតេជោមិនត្រឹមតែចំពោះប្រជាជនចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដងជាក់ស្តែង កន្លងមកដូចជាការទទួលប្រជាជនជាប់នៅនាវា Wester​dam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌របស់សម្ដេចតេជោដែលនៅពេលនោះអន្តរជាតិទាំងមូលបានទទួលស្គាល់ថា​ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយតែមានបេះដូងធំ។

លោក​​ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សារវាង លោក​ ផ្ទាល់ជាមួយនឹង លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យនិងមានភាពទូលំទូលាយ។

លោក​​បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះបានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរថានឹងបន្តជំរុញកិច្ច​សហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត លោក​​ក៏បានជម្រាបជូនសម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនិង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន។

សម្ដេចតេជោក៏បានអបអរសាទរចំពោះមិត្តចិនដែលទទួលបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19។ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនមានប្រជាជន ជាង 1000 លាននាក់ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះមាន​ភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះប្រទេសចិនគឺមានសមត្ថភាពគ្រប់គ្រាន់នឹងបានទប់ស្កាត់ជំងឺកូវី-19 បានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង លោក វ៉ាង យី ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

សម្ដេចតេជោក៏បានជម្រាបជូន លោក​​ វ៉ាង យី អំពីដំណើរការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថាការទប់ស្កាត់ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យប្រជាជនកម្ពុជាបានអនុវត្តតាម​គោល​​ការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍របស់ក្រសួងសុខាភិបាល ហើយរដ្ឋាភិបាលកម្ពុជាក៏មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់​ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕