ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី ខែ១២តុលា នេះថា ជំនន់ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកមកជាធម្មតាវិញ ខណៈក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀល និងយប់ថ្ងៃទី១១ខែតុលាដោយចាប់ពីម៉ោង ២និង ៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាត។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។
លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅ នៅស្ថានីយបឹង ទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។
លោកបានបញ្ជាក់ទៀតថា យើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។ ដូចនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយសារការលិច លង់នេះ ។
សូមបញ្ជាក់ថា កំណាត់ផ្លូវ៣៧១នៅចំណុច ស្ថានីយបឹងទំពន់នេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ តុលានេះ ហើយស្ថានភាពនៅស្ថានីយ៍នេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕