ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ និង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ។
លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនមានពិការភាព អាចប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌជាតិបាន ដែលមន្ដ្រីរាជការមាន២ភាគរយ និងវិស័យឯកជនមាន១ភាគរយ។
លោក នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ដែលបានប្ដេជ្ញាថែរក្សាសន្ដិភាព ដោយសំដៅលើគោលការណ៍ឯករាជ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិ ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណងការពារផលប្រយោជន៍ទប់ស្កាត់ និងកាត់បន្ថយលុបបំបាត់ ការរើសអើងជនមានពិការភាព ដើម្បីធានាសិទ្ធិស្មើភាពគ្នារវាង ជនពិការភាព និងជនមិនមានពិការភាព។
លោក នាយឧត្តមសេនីយ៍បន្ដទៀតថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិ បាល ដើម្បីធានានូវបរិញ្ញាប័ណ្ណ និងសមាសភាពសម្រាប់ជនមានពិការភាព ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩ និងឆ្នាំ២០២៣ ។ ក្នុងទិសដៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ចការរើសអើងជនមានពិការភាព ធ្វើយ៉ាងណាឲ្យជនមានពិការភាព កាន់តែទទួលបាននៅការគាំទ្រក្នុងសង្គម និងបង្កើនគុណភាព នៃជីវិតកាន់តែល្អប្រសើរឡើង។
លោកបញ្ជាក់ថា ជាការពិតណាស់ រាជរដ្ឋាភិបាល មានការវិនិយោគវិស័យពិការភាព ជាច្រើនឆ្នាំកន្លងមកនេះ បាននិងកំពុងតែដើរលើផ្លូវ ក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសបានការពារសុខសន្ដិភាព។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីលិខិតូបករណ៍ជាតិ និងអន្ដរជាតិ, ផ្សព្វផ្សាយនិងជំរុញ ការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០៣, ផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ៕