ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ បន្តដឹកនាំក្រុមការងារបចេ្ចកទេសតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល 

កណ្តាល៖ ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ទៅពិនិត្យ​ និងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។

ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរលើផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ​២០​អា។

បន្ទាប់ពីភ្លៀងខ្លាំង កាលពីយប់មិញ ក្នុងបរិមាណ១៩៦,៧០មីលីម៉ែត្រ នៅស្ថានីយសាក់សំពៅ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោមនៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្តខេត្តកណ្តាល​ រួមមានសង្កាត់ស្ពានថ្ម, ទៀនរលួស, គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត, បារគូ, កន្ទោក និងឃុំជើងកើប។

តាំងពីយប់មក ក្រុមការងារបច្ចេកទេសក្រសួងបានចែកជាពីរក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ទប់ទំនប់សណ្តរផ្នែកខាងត្បូង ដើម្បីការពារទឹកហូរច្រោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀត បន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើងសណ្តរទំនប់ នៅសង្កាត់ព្រៃស, សាក់សំពៅ, ប្រទះឡាង និងសង្កាត់ទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ៕