កំពង់ចាម៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ សេកមាស នៅភូមិស្គន់ ឃុំសុទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះ លោក កៅ ថាច បានស្នើ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករឲ្យអស់ពីលទ្ធភាពទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ និងស្រូវសើមដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមក។
លោក កៅ ថាច បានបញ្ជាក់ប្រាប់ដល់ម្ចាស់រោងម៉ាស៊ីនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានត្រៀមថវិការួចជាស្រេចដើម្បីត្រៀមទំលាក់ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ទុកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលស្រូវក្នុងពេលខាងមុខនេះ ៕