ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ 

ភ្នំពេញ៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ដូចជាធ្វើបច្ចុប្បន្នភាពជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតជាដើម។

លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានស្នើសល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។
លោកប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អដែលកម្ពុជាទទួលបានការអនុម័តច្បាប់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីធានាភាពជឿជាក់សម្រាប់អ្នកធុរកិច្ច និងវិស័យពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត។

លោកប្រធាន ក៏បានលើកឡើងពីគោលការណ៍របស់ក្រុមហ៊ុនអឺរ៉ុប ក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយកម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមកសូនភាគរយក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានយល់ព្រមក្នុងការជួយរៀបចំវេទិកាធុរៈកិច្ចនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិចូលរួមក្នុងវេទិកានេះ​៕