២៣តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី ក្រោមក្រសែភ្នែកបរទេសធ្វើជាសាក្សី ។
ក្រោយព្រឹត្តិការណ៍២៣តុលារាល់ខ្លឹមសារទាំងអម្បាលមាណក្នុងកិច្ចព្រមព្រៀងនេះក៏បានក្លាយជាខ្លឹមសារច្បាប់កំពូលរបស់ជាតិគឺ« រដ្ឋធម្មនុញ្ញ »រួចទៅហើយ ។ ដូច្នេះ ២៣តុលាបច្ចុប្បន្ននេះ នៅត្រឹមតែជាទិវានៃការចងចាំព្រឹត្តិការណ៍ថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ រឿងដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺការតាមដានដំណើរការរបស់រាជរដ្ឋាភិបាលទៅវិញទេថា តើអនុវត្តបានត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែរឬទេ ? ។
កន្លងមកនិងបច្ចុប្បន្ន មានអ្នកខ្លះធ្វើខ្លួនឯងដូចជាតួអង្គហត្ថលេខីកិច្ចព្រមព្រៀងឬជាស្ថានិក២៣តុលា ជាងសាមុីហត្ថលេខី២៣តុលាទៅទៀត ។ តាមការពិតពួកអស់នោះត្រឹមតែជាអ្នកដឹងឮ ព្រឹត្តិការណ៍នេះតាមរយ:ការអានឯកសារតែប៉ុណ្ណោះ ។ គេនាំគ្នានិយាយតែពាក្យដដែលៗរៀងរាល់ឆ្នាំគ្មានអ្វីប្លែកទេរឿង២៣ តុលានេះ ។
ដូច្នេះយើងគ្មានការចាំបាច់ត្រូវបកស្រាយច្រើនដងឲ្យពួកនេះស្តាប់ដែរ ពីព្រោះ បើសិនជាមានការបកស្រាយក៏ក្នុងខ្លឹមសារដដែលៗដែរទេ ។
អ្វីដែលយើងចង់និយាយដោយសាមញ្ញចំពោះ២៣តុលានេះគឺបេសកកម្មចំបងរបស់អង្គការសហប្រជាជាតិក្នុងការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាដែលបានចំណាយលុយដល់ទៅ២ពាន់លានដុល្លារអាមេរិកនោះគឺមិនបានជោគជ័យឡើយ បានត្រឹមតែនាំឲ្យកម្ពុជាអនុវត្តប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សតែប៉ុណ្ណោះ ។
ពេលខៀវ សំផន បានដើរចេញពីកិច្ចព្រមព្រៀងទៅបន្តសង្គ្រាមសុីវិល ក៏ អ៊ុនតាក់គ្មានសមត្ថភាពទាញដៃឲ្យចូលវិញផង ។ ដូច្នេះ« សន្តិភាព » ដែលកំពុងគ្រប ដណ្តប់នៅកម្ពុជាបច្ចុប្បន្ន គឺកើតចេញពីនយោបាយឈ្នះ ! ឈ្នះ ! របស់សម្តេចតេជោហ៊ុនសែនបានដាក់ចេញនៅឆ្នាំ១៩៩៨ទេ មិនមែនបានមកដោយសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ឡើយ ។ បើគ្មានសន្តិភាពឆ្នាំ១៩៩៨ក៏គ្មានអ្នកណាលើកយក២៣តុលាមកនិយាយកើតដែរ ពីព្រោះសង្គ្រាមនៅតែបន្ត ហើយរាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងអស់ក៏គ្មានតម្លៃដែរ ៕
ដោយ ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៍មាន