ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
វេទិកាពិភាក្សានេះ ថ្លែងសុន្ទរកថាបើកដោយលោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការសម្របសម្រួលដោយលោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖
– ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
– ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
– ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
– ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
– ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ លោកបណ្ឌិត ផុន កសិកា
ការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកានេះ បានសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋានសម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕