កាលពី២៩ ឆ្នាំមុន គឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីខ្មែរទាំង៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមវត្តមានអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្តចំនួន ១៨ ប្រទេសជាសាក្សី។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាំមកនូវការរៀបចំការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ ប៉ុន្តែ ភាគីកម្ពុជាប្រជាធិបតេយ្យបានបន្តធ្វើជាក្រុមឧទ្ទាមក្នុងព្រៃ គ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសយើងដដែល។
ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការបង្រួបបង្រួមខ្មែរ បានទូទាំងប្រទេស សង្រ្គាមបានបញ្ចប់ទំាងស្រុងនៅឆ្នាំ១៩៩៨ ហើយបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
សន្តិភាពជាកក្តាសំខាន់បំផុត និងមិនអាចខ្វះបានសម្រាប់ការកសាង និងអភិវឌ្ឍសង្គម។ ដូច្នេះសូមជនរួមជាតិរួមគ្នាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានស្ថិតស្ថេរ ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកដល់ជនរួមជាតិ បន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ក្នុងកំឡុងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
សូមអំពាវនាវ និងលើកទឹកចិត្តដល់កងម្លាំង អាជ្ញាមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុក្ខដាក់ជួយសង្រ្គោះ អន្តរាគមន៌ និងផ្តល់ការថែទាំដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឱ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។