បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញដល់ពាក់កណ្តាលអធ្រាតម៉ោង៣យប់មិញ ទឹកទាំងអស់ ដែលហូរចុះមកពីអូរកំបុត ក្នុងទឹកដីថៃ និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់២២០លានម៉ែត្រគូប។ ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះ គឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្នដោយមានការសហការចូលរួមកម្លាំងពីអាជ្ញាធរថ្នាក់ស្រុក និងប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសស្រាក់សស្រាំ រួមទាំងគ្រឿងចក្រ រៀបបាវដីដើម្បីការពាររលកវាយជើងទេរទំនប់ត្រង់ផ្នែកខ្លះនៃទំនប់ដែលមានប្រវែងសរុបជាង២០គីឡូម៉ែត។
សូមបញ្ជាក់ជូនថា រាល់ទ្វារទឹក និងច្រកចេញរបស់ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើកចំហរអស់រយ:ពេលជាងមួយសប្តាហ៍កន្លង តាមបទបញ្ជារបស់រដ្ឋមន្ត្រី ហើយក្នុងរយៈពេលពីរថ្ងៃមកនេះ នៅប៉ែកខាងលើមិនមានភ្លៀងធ្លាក់ ដូច្នេះកម្លាំងទឹកក៏ចុះខ្សោយបន្តិច ក្នុងរយ:ដ៏ខ្លីនាពេលខាងមុខនឹងវិលមករកប្រក្រតីភាពឡើងវិញ៕