ភ្នំពេញ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីពេទ្យកាល់ម៉ែត ដោយជំងឺរលាកថ្លើម។
មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តជើងចាស់មួយរូប ដែលបានចូលរួមបម្រើជាតិទាំងក្នុង និងក្រៅប្រទេស។
បច្ចុប្បន្នសពត្រូវបានកម្កល់ទុកធ្វើបុណ្យនៅវត្តស្វាយទោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក។
លោក ឱក សុជាតិ កើតនៅឆ្នាំមមែ អាយុ៦៦ឆ្នាំ រស់ភូមិដូនដី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កាលពីកុមារភាព លោកសិក្សាទីនេះ ក្រោយបញ្ចប់ការសិក្សានៅខេត្តកំពង់ចាម នៅឆ្នាំ១៩៧៥ លោកចាកចេញបន្តការសិក្សានៅភ្នំពេញថ្នាក់បាក់ឌុប ក្នុងពេលប្រទេសកម្ពុជាជួបសង្រ្គាម ពីឆ្នាំ១៩៧៥ ដល់១៩៧៩។
ក្រោយមកលោកបានទៅសិក្សានៅតាមជំរុំជាយដែន កម្ពុជា-ថៃ នៅឆ្នាំ១៩៨០ និងអង្គការសហប្រជាជាតិ ដោយទទួលបានតួនាទីជាប្រធានចែកអំណោយនាជាយដែន រហូតក្រោយមកដោយសារលោកជាសិស្សពូកែទៀត មានឱកាសទៅសិក្សាថ្នាក់បរិញ្ញានៅប្រទេសកាណាដាឆ្នាំ១៩៨៧ ផ្នែកសេដ្ឋនិងច្បាប់។
បន្ទាប់មកបន្តសិក្សាផ្នែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅ១៩៩១ និងក្រោយមកពេលកម្ពុជារៀបចំការបោះឆ្នោតបានចូលរួមឆាកនយោបាយ។
នៅឆ្នាំ១៩៩៨ ដល់២០០៣ ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម។ លុះដល់ឆ្នាំ២០០៣ និង២០០៤ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសហ្វីលីពីន។
បន្ទាប់មកលោកបានឈប់កិច្ចការទូតមកចូលរួមនយោបាយឡើងវិញ ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្ននេះ។
លោកបានមរណភាពនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ដោយជំងឺរលាកថ្លើម។ ពិធីបញ្ចុះសពធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ហើយពិធីបុណ្យ៧ថ្ងៃរៀបចំឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅវត្តស្វាយទោង ស្រុកព្រៃឈខេត្តកំពង់ចាម។
លេខបងប្អូនសព៖ ០១២ ៩២៣ ៧៣១