លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពន្ធចុះបញ្ជីសម្រាប់នាំចេញ (Registered Exporter-REX System) នឹងជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារប្រព័ន្ធនេះ មិនតម្រូវឱ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន ។
លោកបានថ្លែងថា ក្រៅពីជួយសម្រួលធុរកិច្ចវិស័យឯកជន REX System នឹងរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត។
លោកបានអះអាងថា «REX System ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩! បច្ចុប្បន្នតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យក្រុមហ៊ុននាំអង្ករកម្ពុជាចេញទៅសហភាពអឺរ៉ុប កាន់តែមានភាពងាយស្រួល និងចំណាយថវិកាកាន់តែតិច ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប» ។
មន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សិក្ខាកាម ខិតខំស្តាប់ការពន្យល់របស់ជំនាញការជាតិ និងអន្តរជាតិ ទាក់ទងនីតិវិធីចុះឈ្មោះជាមួយ REX System និងការអនុវត្តលេខកូដ ១០ខ្ទង់ សម្រាប់អង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានសំណូមពរផលិតករ និងពាណិជ្ជករទាំងអស់ ចូលរួមអនុវត្តន៍ REX System ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ដោយសមធម៌។
សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដើម្បីផ្សព្វផ្សាយដល់ផលិតករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករទៅសហភាពអឺរ៉ុប អំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ (REX System) និងអត្ថប្រយោជន៍របស់វា ព្រមទាំងការអនុវត្តលេខកូដចំនួន ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅទីផ្សារ EU នាពេលខាងមុខ។