ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង(AHKFTA)នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦នីតិកាលទី៤។

កិច្ចប្រជុំដឹកនាំ ដោយលោក​​កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ។​  លោក​​ គង់ សារាជ សមាជិកគណៈ​កម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើក​ទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំ ដោយលោក​​រដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។
លោក​​រដ្ឋមន្រ្តី ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួល​បាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោក​​រដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធស​ភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់៕