(រាជធានីភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” អញ្ជើញចូលរួមពី លោកស្រីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តឹករ៉េត កំរង និងចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ក្រុមការងាររបស់គណៈកម្មការ និងក្រុមការងារនីមួយៗបានរាយការណ៍ និងពិភាក្សាយ៉ាងផុលផុសជូនអង្គប្រជុំ ដូចជា៖
១.ក្រុមការងារឯកសារ និងផ្សព្វផ្សាយ ២.ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣.ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានលើកឡើងពីវឌ្ឍនភាពការងារតាមក្រុមការងារនីមួយៗដែលបានរៀបចំកន្លងមក។
លើសពីនេះដូចជា ការកែសម្រួលទស្សនៈទាន ខ្លឹមសារ កម្មវិធីរៀបចំ (តាម Video Conference និងការប្រជុំផ្ទាល់) ការរៀបចំទីតាំងសម្រាប់វេទិកា ពិធីការ បដិសណ្ឋារកិច្ច ការរៀបចំខ្ទង់ចំណាយសម្រាប់វេទិកា ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា និងការបែងចែកការងារឱ្យមានប្រសិទ្ធភាពតាមក្រុមនីមួយៗ ដើម្បីត្រៀមលក្ខណៈរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលនឹងប្រព្រឹត្តទៅដោយរលូន និងផ្លែផ្កា។
លោកស្រីរដ្ឋលេខាធិការ បានធ្វើការណែនាំ និងពិភាក្សាទៅលើចំនួនអ្នកចូលរួម វាគ្មិន ការតាំងបង្ហាញផលិតផលខ្មែរ ព្រមទាំងការងារផ្សេងៗដែលពាក់ព័ន្ធនឹងការរៀបចំវេទិកានេះ។ បន្ថែមពីនេះ ស្រី បានស្នើក្រុមការងារនីមួយៗ ធ្វើការប្រជុំតាមក្រុមរៀងៗខ្លួន ដើម្បីរាយការណ៍អំពីវឌ្ឍនភាពតាមរយៈការធ្វើបទបង្ហាញជូនលោករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។