ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឲ្យលោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង

លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកស្រី​ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។
ក្នុងជំនួបនោះ លោក​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ​ភាពនៃប្រទេស​គុយបាអំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។

លោក​​ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែង​​ថា កន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើនក៏ប៉ុន្តែកម្ពុជាក៏ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសគុយបាដោយបានផ្ដល់នូវជំនួយផ្សេងៗជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។
លោកស្រី​ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខពីប្រជាជននិងរដ្ឋាភិបាលគុយបាចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦នាក់ដែលបានបាត់បង់ជីវិតដោយ​សារគ្រោះទឹកជំនន់នេះ។​​

លោកស្រី​​ជឿជាក់ថា ស្ថានភាពគ្រោះទឹកជំនន់នាពេលនេះបានធូរស្បើយហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូនជាបន្តបន្ទាប់ទៀតជាពិសេសលោកជំទាវក៏បានកោតសរសើរដល់កម្ពុជាថាជាប្រទេសគំរូមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីត១៩ ដែលកំពុងរីក​រាល​ដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោកផងដែរ។

លោកឯកអគ្គរដ្ឋទូតបានថ្លែង​​ថា ការចូលជួបសំដែងការគួរសមនាពេលនេះគឺចំពេលគម្រប់ខួប១ ឆ្នាំដែលលោកជំទាវបានមកដល់ប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតនេះនិងបានសង្កេតឃើញថាការរៀបចំនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាគឺពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យខុសពីអ្វីដែលលោកជំទាវធ្លាប់បានឮពីមុនមក។

នៅ​ឆ្នាំ ២០២០ នេះជាឆ្នាំនៃខួបគម្រប់ ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងគុយបាដូច្នេះហើយភាគីគុយបានឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគុយបា ដោយក្នុងនោះស្ថានទូតគុយបាកំពុងតែខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានាដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

កន្លងមកគុយបាធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌និងកសិកម្មប៉ុន្តែសង្ឃឹមថានឹងមានវិស័យផ្សេងៗទៀតដែលស្ថានទូតគុយបាអាចធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបាន។ លោកឧបនាយករដ្ឋមន្រ្តីបាន​​អំណរគុណដល់ប្រទេសគុយបាដែលបានផ្ដល់នូវសច្ចភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ដែលកម្ពុជាទទួលបានជោគជ័យជាពិសេសគឺជោគជ័យលើផ្នែកសេដ្ឋកិច្ចផងដែរ។

លើសពីនេះ​លោក​បានបញ្ជាក់ថា«ថ្វីដ្បិតតែក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មិនធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបាកន្លងមកនោះក៏ពិតមែនប៉ុន្តែក្នុងឱកាសនេះក្រសួងក៏នឹងខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងស្ថានទូតគុយបាផងដែរ»។